រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត

  • 3.9ពាន់
  • ដោយ Admin

ទិដ្ឋភាពទូទៅ

ខេត្តរតនគិរី ជាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជា ។ ទីរួមខេត្តបានលុងស្ថិតនៅកណ្តាលខ្ពង់រាបនៃខេត្ត ចម្ងាយ ៥៨៦ គ.ម ពីទីក្រុងភ្នំពេញ ។ ខេត្តរតនគិរីមានព្រំប្រទល់ខាងជាប់ប្រទេសឡាវ ខាងកើតជាប់ប្រទេសវៀតណាម ខាងជើងជាប់ខេត្តមណ្ឌលគិរី និងខាងលិចជាប់ខេត្តស្ទឹងត្រែង។ ខេត្តមានទីតាំងស្ថិតនៅលើខ្ពង់រាបនៃភូមិភាគឦសានប្រទេសកម្ពុជា។ ខ្ពងរាបនេះជាគែមខាងលិចនៃប្រជុំភ្នំកន្តំនៃប្រទេសវៀតណាម។ លំផាត់ដែលជាទីប្រជុំជននៅភាគខាងត្បូងខេត្ត ជាទីរួមខេត្តកាលពីមុន ។ ខេត្តរតនគិរីជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ ទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ។ភាគច្រើននៃប្រជាជនរតនគិរីជាជនជាតិភាគតិច ចំណែកជនជាតិខ្មែរមានប្រមាណតែ ១០ ទៅ ២០ % ប៉ុណ្ណោះ ។

ខេត្តរតនគិរី មាន៖

– ផ្ទៃដីសរុប ១០,៧៨២ គីឡូម៉ែត្រការ៉េ

– ស្រុកមានចំនួន ៨  និងក្រុងចំនួន ១ សង្កាត់ ៤ ឃុំចំនួន ៤៦ និងភូមិចំនួន ២៥៣ (គិតត្រឹមឆ្នាំ២០១៨)

– ចំនួនគ្រួសារ ៤៦,០៨៣ គ្រួសារ

– ប្រជាពលរដ្ឋសរុប ២០១,៥៤៧នាក់/ស្រ្តីចំនួន ៩៩,២៣៨នាក់

– កម្លាំងពលកម្មជាសក្តានុពលចាប់ពីអាយុ ១៨- ឆ្នាំមានចំនួន ៥៦%

– កំណើនប្រជាពលរដ្ឋប្រចាំឆ្នាំ ២.៣% ដង់ស៊ីតេ ១០៤.៩២នាក់/គីឡូម៉ែត្រការ៉េ

– ប្រជាពលរដ្ឋប្រកបរបរកសិកម្មចម្បងមាន ៧២,២០%

– កម្ពស់ទឹកភ្លៀងជាមធ្យម ៩៦០.១ មម/១ឆ្នាំ

– អាកាសធាតុ   ១៣.៥ – ៤១.៥ អង្សាសេ

ចក្ខុវិស័យ

ខេត្តរតនគិរីមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព សមភាព សមធម៌លើគ្រប់វិស័យ និងមានសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ល្អ ធានាបាននូវការទាក់ទាញវិនិយោគិន និងអ្នកទេសចរណ៍មកកាន់ខេត្តកាន់តែច្រើនឡើង។

ទិដ្ឋភាពទូទៅគោលបំណងអភិវឌ្ឍន៍

  • វិស័យសេដ្ឋកិច្ចខេត្តរតនគិរីមានកម្រិតរីកចម្រើន និងសំដៅជំរុញការកាត់បន្ថយអត្រាភាពក្រីក្រឱ្យនៅកម្រិតទាប។
  • ប្រជាជនខេត្តរតនគិរីរស់នៅប្រកបដោយសុខុមាលភាព មានចំណេះដឹងជ្រៅជ្រះ រក្សាបាននូវអត្តសញ្ញាណជាតិ និងមានសាមគ្គីភាពរឹងមាំ។
  • ខេត្តរតនគិរីមានការគ្រប់គ្រងដីធ្លី និងសំណង់នានាបានត្រឹមត្រូវ រក្សាបានបរិស្ថានល្អប្រសើរ និងកាត់បន្ថយបាននូវជម្លោះដីធ្លី គ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្រោះមហន្តរាយផ្សេងៗ។
  • ប្រជាជននៅទូទាំងខេត្តរតនគិរី ទទួលបាននូវសេវាសាធារណៈកាន់តែប្រសើរឡើង និងរស់នៅប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ។

យុទ្ធសាស្ត្រអភិវឌ្ឍន៍

  • ខេត្តយកចិត្តទុកដាក់ស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លើកស្ទួយវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការចិញ្ចឹមសត្វ វារីវប្បកម្ម ទេសចរណ៍ សេវាកម្ម លើកទឹកចិត្ត និងទាក់ទាញអ្នកវិនិយោគឯកជនដែលជាដៃគូរអភិវឌ្ឍន៍ដ៏សំខាន់ឱ្យមកវិនិយោគនៅក្នុងខេត្ត។
  • លើកកម្ពស់សេវាសុខាភិបាល អប់រំចំណេះដឹងទូទៅ អប់រំកាយនិងកីឡា គាំទ្រយ៉ាងសកម្មទាន់ពេលវេលាចំពោះជនងាយរងគ្រោះ និងពង្រឹងការប្រតិបត្តិ ព្រះពុទ្ធសាសនា និងពាហិរសានាឱ្យស្របតាមវិន័យសាសនារៀងៗខ្លួន។
  • យកចិត្តទុកដាក់រៀបចំប្លង់គោលប្រើប្រាស់ដីធ្លីឱ្យបានច្បាស់លាស់នៅទូទាំងខេត្ត ពង្រឹងការគ្រប់គ្រងការសាងសង់នូវសំណង់ផ្សេងៗឱ្យបានម៉ឺងម៉ាត់ ពង្រឹងការអនុវត្តវិធានការក្នុងការការពារធនធានព្រៃឈើ និងធម្មជាតិដទៃទៀត ជំរុញការដាំដុះព្រៃឈើឡើងវិញ ទប់ស្កាត់សកម្មភាពដែលនាំដល់ការបំពុលបរិស្ថាននានា និងជំរុញសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ណមិនទាន់ផ្ទុះដែលកប់ក្នុងដី។
  • យកចិត្តទុកដាក់កែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈកាន់តែមានភាពងាយស្រួល លើកកម្ពស់ការយកចិត្តទុកដាក់ពីសុវត្ថិភាព ផាសុខភាព ការលើកទឹកចិត្ត និងវិន័យការងារមន្រ្តីរាជការនៅទូទាំងខេត្ត និងមានវិធានការណ៍ច្បាស់លាស់ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសនានាដែលកើតមានឡើងក្នុងខេត្តទាន់ពេលវេលា សមភាព និងតម្លាភាព។

បទយកការណ៏សង្ខេប