រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ប្រកាស​ចូលកាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្តរតនគិរី​អាណត្តិ​ទី​៣

  • 615
  • ដោយ Admin

​ខេត្តរតនគិរី ៖ ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ខេត្តរតនគិរី ​ចំនួន​ ១៩រូប បានប្រកាស​ចូលកាន់​តំណែង​នា​ព្រឹក​ថ្ងៃ​សុក្រ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ដោយបាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តរតនគិរី និង​មានការចូលរួម​ពី​សំណាក់​លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ ​អង្គភាព​ជុំវិញ​ខេត្ត ​។​

​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ខេត្តរតនគិរី ​មានការ​អភិវឌ្ឍន៍​ជា​
​បន្តបន្ទាប់​លើ​គ្រប់​វិស័យ និង​សមិទ្ធផលនានា​ជាច្រើន ដែល​រដ្ឋបាលខេត្ត​សម្រេចបាន​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ក្រុមប្រឹក្សា​ខេត្ ត​អាណត្តិ​ទី​២ ដោយ​ធានាបាន​យ៉ាង​ល្អប្រសើរ​នូវ​សន្តិសុខ និង​សណ្តាប់ធ្នាប់សាធារណៈ ហើយ​កិច្ចដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​ខេត្ត និង​ក្រុង​/​ស្រុក ក៏បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ផងដែរ​ ។
យោងតាម​ព្រះរាជក្រឹត្យ​ត្រូវបាន​ត្រាស់បង្គាប់​ទទួលស្គាល់​ស​មាស​ភាព​ក្រុមប្រឹក្សា​ខេត្ត រតនគិរី​ ចំនួន​ ១៩រូប ក្នុង​អាណត្តិ​ទី​៣ ក្នុងនោះ ឯកឧត្តម ណាប់ ប៊ុនហេង ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តរតនគិរី ដោយឡែក ​១៨រូប ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តរតនគិរី​ ។

មានប្រសាសន៍​នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម ​ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តរតនគិរី បាន​អបអរសាទរ​ចំពោះ​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្តរតនគិរី ​អាណត្តិ​ថ្មី ដែល​ត្រូវបាន​តំណាង​ប្រជាពលរដ្ឋ គឺ​សមាជិក​ក្រុមប្រឹក្សាឃុំ​ សង្កាត់ ផ្តល់​សេចក្តីទុកចិត្ត បោះឆ្នោត​ជ្រើសរើស​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣ ដើម្បី​បន្ត​ដឹកនាំ​ខេត្ត​ឲ្យ​មានការ​អភិវឌ្ឍ និង​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត ​។​ ឯកឧត្តម ​បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា ​បានរៀបចំ​ការបោះឆ្នោត ​ដើម្បីបង្កើត​ក្រុមប្រឹក្សា ​នៃ​រដ្ឋបាល​គ្រប់​ថ្នាក់​ នៅ​ថ្នាក់ក្រោម​ជាតិ ដែលមាន​អត្ថន័យ​ជ្រាលជ្រៅ មកលើ​ប្រព័ន្ធ​នយោបាយ និង​រដ្ឋបាល​នៅ​កម្ពុជា ពីព្រោះ​ការបោះឆ្នោត​នេះ ​បាន​ពង្រឹង និងពង្រីក​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​ឲ្យ​ចាក់គ្រឹះ​រហូតដល់​មូលដ្ឋាន​ នាំមក​នូវ​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​នៅ​កម្ពុជា​តាមបែប​ផែន ​នៃវិមជ្ឈការ ​និង​វិសហមជ្ឈការ​សំដៅលើ​ការផ្ទេរ​មុខងារ​ អំណាច​ ធនធាន និង​សិទ្ធិ​ស្វ័យសម្រេច​សមស្រប​ពី​ថ្នាក់ជាតិ​មក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឆ្លើយតប​តម្រូវការ​ជាក់ស្តែង របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នីមួយៗ​ និង​លើកកម្ពស់​ការចូលរួម​ក្នុងការ​អភិវឌ្ឍ មូលដ្ឋាន​របស់ខ្លួន សំដៅ​កាត់បន្ថយ​ភាពក្រីក្រ ​។​

ឯកឧត្តម ​បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​អាណត្តិ​ថ្មី ត្រូវបំពេញ​ភារកិច្ចរ​បស់​ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ប្រទេសជាតិ និង​ប្រជាជន​ក្នុង​ខេត្ត​ទាំងមូល​ស្របតាម គោលការណ៍ និង​នីតិវិធី​និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​បានកំណត់ និង​ត្រូវយក ចិត្ត​ទុកដាក់​លើ​កិច្ចការ​អាទិភាព​មួយចំនួន​ដូចជា​ការរៀបចំ​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​៥​ឆ្នាំ សម្រាប់​ខេត្ត ការបន្ត​ចូលរួម​អនុវត្ត​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ការផ្តល់​សេវាសាធារណៈ និង​ការដោះស្រាយ បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន និង ការធានា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឲ្យបាន​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ ​៕

яндекс

អត្ថបទទាក់ទង