រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

បឹងលំកុដ

  • 2.1ពាន់
  • ដោយ Admin

បឹងលំកុដ ​ជា​បឹង​ធម្ម​ជាតិ​​ដែល​មាត់​បឹង​នេះ​មាន​សណ្ឋាន​ដូច​រូប​បេះដូង​មនុស្ស ។ ​បឹង​នេះ​មាន​ទំហំ​​២៥​ហិកតា ​ជំរៅ​ប្រមាណ​ជា​៦០​ម៉ែត្រ ហើយ​មាន​លក្ខណៈ​អេកូឡូ​ហ្ស៊ីដូច​បឹង​យក្ស​ឡោម​ដែរ វា​កើត​​ឡើង​ពី​​បន្ទុះ​ភ្នំ​ភ្លើង​កាល​​​ពី​សម័យ​ដើម​ដូច​គ្នា ។ ​ស្ថិត​នៅ​លើ​តំបន់​ខ្ពង់​រាប​​ និង​​ជួរ​ភ្នំ​ដែល​គ្រប​ដណ្តប់​ដោយ​ព្រៃ​ត្រូពិច ពណ៌​បៃតង​​ជានិច្ច​​បឹង​លំកុដ​មាន​ដើម​ឈើ​ទ្រេត​ជា​ច្រើន ហាក់​បី​ដូច​ជា​ចង់​ដួល​រលំ​​ទៅ​លើ​ផ្ទៃ​ទឹក​បឹង​ដ៏​ថ្លា​ពណ៌​ខៀវ​ស្រងាត់ ហើយ​ជា​ធម្ម​តា​ទឹក​មាន​ភាព​ត្រជាក់​​ស្រេង​​ជាង​ទឹក​បឹង​ផ្សេងៗ ។ ​ហ៊ុម​ទ័ព្ធ​ជុំ​វិញ​ដោយ​ដុំ​ថ្ម​ក្រោម​​ម្លប់​នៃ​ដើម​ឈើ​ធំ​ៗ​ បឹង​ដែល​កើត​​ឡើង​ពី​បន្ទុះ​ភ្នំ​ភ្លើង​​បុរាណ​​នេះ បាន​ផ្តល់​ជា​​សំបុក​មច្ឆ​ជាតិ​តូច​ធំ​ជា​ច្រើន​​ប្រភេទ​រស់​នៅ​បន្ត​ពូជ​ ពង្ស ហើយ​វា​ក៏​ជា​ធ្នាក់​​ទាក់​ទាញ​សត្វ​បក្សា​បក្សី​សីុ​ត្រី​ជា​អាហារ និង​បក្សា​បក្សី​​ជា​ច្រើន​ទៀត​រស់​នៅ​​ជុំ​វិញ​មាត់​បឹង​នេះ​ជា​អចិ​ ន្ត្រៃយ៍ ។ នៅ​ឆ្ងាយ​បន្តិច​ពី​មាត់​បឹង​លំកុដ គឺ​​ជា​កន្លែង​​រស់​នៅ​​ដ៏​សុខ​សាន្ត​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ទំពួន ព្នង និង​ជន​ជាតិ​ឡាវ ។ ប្រជា​ជន​ទាំង​នោះ​ជា​កសិ​ករ​ដែល​មាន​ជីវ​ភាព​រស់​​នៅ​ពឹង​ផ្អែក​​ទៅ​លើ​ ដំណាំ​ដាំ​ដុះ​​​​ចំការ​​ស្រែ និង​អនុ​ផល​ព្រៃ​ឈើ ។ បឹង​លំកុដ ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​​ឃុំ​សេដា ស្រុក​លំផាត់ ដែល​អ្នក​ទេស​ចរ​​អាច​ទៅ​កាន់​​​​ទី​នោះ​តាម​​ផ្លូវ​ជាតិ​លេខ​៧៨A មាន​ចំងាយ​​ប្រហែល​៥៤​គីឡូ​ម៉ែត្រ ​ពី​ក្រុង​​បាន​លុង។ នៅ​រដូវ​ប្រាំង​ រថយន្ត​​ភាគ​​ច្រើន​​អាច​បើក​បរ​ទៅ​កាន់​ទី​នោះ​បាន ចំណែក​នៅ​រដូវ​វស្សា​វិញ មាន​តែ​រថយន្ត​ប្រភេទ​ខ្ពស់ៗ​ទេ ទើប​អាច​ទៅ​មក​បាន​ងាយ​ស្រួល ។
មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​មាន​អ្នក​លក់​ដូរ​អ្វី​ឡើយ ​សូម្បី​តែ​លក់​ភេស​ជ្ជៈ​ ឬក៏​អាហារ​​នៅ​ទី​នោះ​ក៏​ពុំ​មាន​ដែរ ។ ​អ្នក​ទេស​ចរ​​ទាំង​អស់​ត្រូវ​រៀប​ចំ​ប្រដាប់​ប្រដា​​ស្បៀង​​អាហារ​គ្រប់​​ យ៉ាង​ ពី​ទី​រួម​ស្រុក​បកែវ ឬ​ពី​ក្រុង​​បាន​លុង ​ទៅ​ទើប​ជា​ការ​ប្រសើរ​​សំរាប់​ដំណើរ​​កំសាន្ត​​ទៅ​កាន់​បឹង​ធម្ម​ជាតិ​ដ៏​ ស្រស់​បំព្រង​មួយ​នេះ ។

អត្ថបទទាក់ទង