រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

វាល ​ថ្ម​រំផ្លង់

  • 1.8ពាន់
  • ដោយ Admin

វាល ​ថ្ម​រំផ្លង់ ជា​រមណីយ​ដ្ឋាន​អេកូ​​ទេស​ចរណ៍​គួរ​ឱ្យ​​ទាក់​ទាញ​មួយ ​ជា​​ដែន​ដី​ប្រពៃណី​នៃ​សហ​គមន៍​កុល​សម្ព័ន្ធ​ភ្នំ​រស់​នៅ​ទី​នោះ។ នៅលើ​វាល​នោះ​មាន​ស្មៅ និង​មាន​រុក្ខ​ជាតិ​ព្រៃ​ដែល​មាន​ផ្កា​រីក​ស្គុស​ស្គាយ​នា​​​រដូវ​វស្សា​​​ ចាប់​ពី​​ខែ​ឧសភា ដល់​ខែ​​មករា ។ ​នៅ​ក្បែរ​​នោះ​មាន​អូរ​តូច​មួយ​មាន​ទឹក​​ថ្លា​​​ឈ្វេង​ជានិច្ច​ និង​ជួន​កាល​ហូរ​ផង ហើយ​បាន​ជា​ដាក់​​ឈ្មោះ​ថា «វាល​ថ្ម​រំផ្លង់» ​ដោយ​យក​តាម​ឈ្មោះ​កូន​មេ​កន្ទ្រាញ​កុល​សម្ព័ន្ធ​​ភ្នំ ដែល​រស់​នៅ​ជុំ​វិញ​តំបន់​នោះ។ យោង​ទៅ​​តាម​រឿង​ព្រេង​ គឺ​​ជា​យូរ​លង់​មក​ហើយ វាល​ថ្ម​រំផ្លង់​ជា​វាលថ្ម​ដា​​​ធម្ម​ជាតិ ដែល​ពួក​កុមារ​ជន​ជាតិ​ដើម​ភាគ​តិច​និយម​ទៅ​លេង​​រួម​ទាំង​កូន​មេ​កុលស​ ម្ព័ន្ធ​ក្នុង​តំបន់​​ និង​និយម​ទៅ​បង្ហោះ​​ខ្លែង​លេង​ផង​ដែរ ។
ថ្ងៃ​ មួយ​​កុមារ​ឈ្មោះ​​ «រំផ្លង់» ដែ​លជា​កូន​ប្រធាន​កុល​សម្ព័ន្ធ​​ភ្នំ​នៅ​មូល​ដ្ឋាន​នោះ​ក៏​មក​លេង​បង្ហោះ​ ខ្លែង​តាម​ធម្ម​តា ​​នៅ​ពេល​នោះ ស្រាប់តែ​មាន​​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ ហើយ​​​ធ្វើ​ឱ្យ​ដាច់​ខ្សែ​​ខ្លែងរបស់​កុមារ​រំផ្លង់​នោះ រសាត់​ទៅ​​ធ្លាក់​ទើរ​​លើ​ចុង​ស្រឡៅ​ដ៏​ធំ​សែន​​ខ្ពស់ ។ កុមារ​រំផ្លង់​មិន​​សប្បាយ​ចិត្ត​​​​ចំពោះ​វាសនា​នៃខ្លែង​​ដ៏​ស្រស់​ស្អាត​​ របស់​ខ្លួន​ឡើយ បន្ទាប់​​វា​បាន​​សំរេច​ចិត្ត​ឡើង​​​ដើម​ស្រឡៅ​នោះ ដើម្បី​ទៅ​​យក​ខ្លែង​របស់​ខ្លួន​​​ត្រឡប់​មក​វិញ តែ​ជា​អកុសល​នៅ​ពេល​​​រំផ្លង់​​កំពុង​សួរ​​សំដៅ​ទៅ​ចុង​​មែក​​ស្រឡៅ ជា​​ទី​​ដែល​​ខ្លែង​ទាក់​​ជាប់​នៅ​​ទី​នោះ​ ស្រាប់​តែ​មែក​​នោះ​​បាក់​ ហើយ​រំផ្លង់​ក៏​ធ្លាក់​មក​ក្រោម​​ស្លាប់​មួយ​រំពេច ។
សាក​សព​កុមារ​​ រំផ្លង់​​ត្រូវ​គេ​បញ្ចុះ​នៅ​ទី​នោះ​ក្នុង​ផ្នូរ​តូច​មួយ​​ រីឯ​​ខ្លែង​​របស់​រំផ្លង់ ក៏​ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​​ក្បែរ​ផ្នូរ​នោះ​ដែរ លុះ​​​ចំ​ណេរ​​ចីរ​កាល​​​ក្រោយ​មក​ ខ្លែង​ដ៏​វែង​ស្រស់​ស្អាត​របស់​រំផ្លង់​​​ក៏​បាន​ក្លាយ​​ទៅ​ជា​អូរ​ដែល​មាន​ រហូត​មក​ដល់​​​សព្វ​ថ្ងៃ​នេះ​ឯង ។
ទី​កន្លែង​​ និង​កាល​បរិ​ច្ឆេទ​នៃ​មរណ​​ភាព​របស់​រំផ្លង់​ត្រូវ​បាន​​ប្រារព្ធ​ធ្វើ​ឡើង​ ​​ជា​រៀង​រាល់​ឆ្នាំ ដោយ​​កុល​សម្ព័ន្ធ​ភ្នំ​ទាំង​ឡាយ​​​នៅ​​ជំនាន់​ក្រោយៗ​មក​ទៀត ។ ពួក​កុល​សម្ព័ន្ធ​​ភ្នំ​នៃ​តំបន់​នោះ​តែង​មក​​ពី​ទី​ជុំ​វិញ​ជិត​ឆ្ងាយ​ទាំង ​អស់​ ដើម្បី​មក​ប្រារព្ធ​បូជា​ដល់​ដួង​ព្រលឹង​របស់​រំផ្លង់ ។ ពួក​​គេ​គ្រប់ៗ​គ្នា​តែង​តែ​នាំ​មក​ជា​មួយ​​​នូវ​​ម្ហូប​អាហារ​ ផ្លែ​ឈើ​គ្រប់​មុខ និង​ជា​ពិសេស គឺ​ស្រា​ពាង​មក​កាន់​កម្ម​វិធី​នេះ​រាល់​ៗ​ឆ្នាំ ​។ ចំណែក​អង្កាម​​ដែល​ជា​វត្ថុ​ធាតុ​ដើម​មួយ​ប្រភេទ​សំរាប់​យក​មក​ធ្វើ​​ស្រា​ ពាង​តាម​បែប​ប្រពៃ​ណី​ជន​​ជាតិ​ដើម​កុល​សម្ព័ន្ធ​​ភ្នំ​​ ក៏​ត្រូវ​បាន​គេ​បាច​សាច​ចោល​នៅ​បរិ​វេណ​ប្រារព្ធ​​ពិធី​នោះ ដែល​នៅ​ក្បែរ​​ផ្នូរ​របស់​រំផ្លង់ ។ លុះ​ចំណេរ​ចីរកាល​ក្រោយ​មក​​ជា​ច្រើន​ឆ្នាំ​​ គំនរ​អង្កាម​ក៏​កាន់​តែ​រីក​ធំ​ឡើងៗ​រហូត​​ក្លាយ​ជា​កូន​ភ្នំ​តូច​មួយ​នៅ​ទី ​នោះ​​ដែល​​បច្ចុ​ប្បន្ន​ប្រសិន​បើ​យើង​ដើរ​ឡើង​ទន្ទ្រាំ​លើ​កូន​ភ្នំ​នោះ​ វា​នឹង​ឮ​សូរ​សំលេង​ខ្ទ័រ ។

ដោ​យការ​គោរព​ប្រតិ​បត្តិ​​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​​ ប្រពៃ​ណី​របស់​ខ្លួន​ ប្រជា​ជន​កុល​សម្ព័ន្ធ​​ភ្នំ​ទាំង​ឡាយ​បាន​ដឹង​​និង​ស្គាល់​ទាំង​អស់​អំពី​ ពិធី​បុណ្យ​​រំផ្លង់​​ ហើយ​និង​ទី​កន្លែង​រៀប​ចំ​ពិធី ។​ មូល​ហេតុ​នោះ​​ហើយ​ដែល​​ប្រជា​ជន​​កុល​សម្ព័ន្ធ​ភ្នំ​មូល​ដ្ឋាន និង​ប្រជា​ជន​ខ្មែរ​នៅ​ទី​នោះ​​ហៅ​ថា វាល​រំផ្លង់​រហូត​​មក​ដល់​​បច្ចុ​ប្បន្ន​ និង​ជា​ទី​កំសាន្ត​​ទេស​ចរណ៍​​​នារដូវ​បុណ្យ​ទាន​​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ ។

អត្ថបទទាក់ទង