រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

កិច្ចប្រជុំបិទ ការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារ

  • 1.3ពាន់
  • ដោយ sengkim

នៅសាលប្រជុំរដ្ឋបាលសាលាខេត្តរតនគិរី បានបើកកិច្ចប្រជុំបិទការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារ ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម រស់ វរុណ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តម លោកជំទាវ អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកប្រធានពន្ធនាគារ លោកអភិបាល នៃគណៈអភិបាលក្រុង/ស្រុក និងមេឃុំ ចៅសង្កាត់ និងមន្ត្រីរាជការ នៃរដ្ឋបាលសាលាខេត្ត ចូលរួមផងដែរ ។


ក្រោយពីបានស្តាប់នូវរបាយការណ៍ ក៏ដូចជាលទ្ធផល ការងារអធិការកិច្ចនៅរដ្ឋបាលខេត្ត ព្រមទាំងមតិចូលរួមរបស់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងរួចមក ឯកឧត្តម រស់ វរុណ បានលើកសរសើរដល់ នគរបាល ពន្ធនាគារ និងរដ្ឋបាលខេត្ត ក្នុងការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារដែលថ្នាក់ដឹកនាំ ក្រសួងបានប្រគល់ជូន ទទួលបាននូវចំណុចវិជ្ជមានជាច្រើន ។ ទន្ទឹមនោះក្រុមការងារ ក៏បានរកឃើញនូវចំណុចអវិជ្ជមានមួយចំនួន ដែលទាមទារឲ្យរដ្ឋបាល ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ អង្គភាពនគរបាល និងអង្គភាពពន្ធនាគារ ដែលជាគោលដៅ អធិការកិច្ចចាំបាច់ត្រូវធ្វើការកែសម្រួលលើចំណុចទាំងនោះ ដែលបានដាក់ជូននៅក្នុងសេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ និងជាឱកាសក្នុងការកែលម្អ និងពង្រឹងប្រព័ន្ធនៃការបំពេញការងារ ក៏ដូចជាការលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តតួនាទី ភារកិច្ចឲ្យកាន់តែមានភាពល្អប្រសើរ ក្នុងនាមជាមន្ត្រីរាជការ និងជាអ្នកបម្រើសេវាសាធារណៈ ដើម្បីពង្រឹង និងបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុងល្អរវាងមន្ត្រីរាជការ អង្គភាពជុំវិញខេត្ត និងជាពិសេសជំនឿជឿជាក់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងរបស់មន្ត្រី ដើម្បីធានាបាននូវប្រព័ន្ធអភិបាលកិច្ចល្អមួយ សំដៅកែលម្អឥរិយាបថនៃការបំពេញការងារ ក្នុងនាមជាអ្នកផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព សុច្ចរិតភាព គណនេយ្យភាព និងភាពឆ្លើយតប ។

ក្នុងនោះដែរ ឯកឧត្តម អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានប្រគល់នូវ សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចំនួន ០២ច្បាប់ ជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងលោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ម្នាក់មួយច្បាប់ដើម្បីជាទុនសម្រាប់អនុវត្តនិងគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតផងដែរ ៕

អត្ថបទទាក់ទង