រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration

រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី

ដោយ vechetចំនួនទស្សនា (691)

នៅសាលាខេត្តរតនគិរី នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តរតនគិរី។  ពិធីខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តរតនគិរី អភិបាលខេត្តមណ្ឌលគិរី ស្ទឹងត្រែង លោក លោកស្រីជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទថ្នាក់ខេត្ត ក្រុង ស្រុក ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ត្រីរាជការ អ្នកមុខអ្នកការ ជាច្រើនទៀតនៅក្នុងខេត្ត។

នៅក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ទេរភារកិច្ច ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស ពីប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី ទៅជាអនុប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្តស្វាយរៀង ជំនួសមកវិញដោយឯកឧត្តម ជៀង អ៊ំ រដ្ឋលេខាធិការក្រសួងការពារជាតិ មកជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី។

ថ្លែងនៅក្នុងពិធីប្រកាសប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តែងនូវការកោតសរសើរចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អតីតប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្ត អនុប្រធាន សមាជិកសមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពនានា នៃខេត្តរតនគិរី ដែលបានប្តេជ្ញាចិត្តរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាការពារ សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ​បង្កភាពអនុគ្រោះដល់ការលើកកម្ពស់ការផ្តល់សេវា សាធារណៈ និងការអភិវឌ្ឍខេត្តរតនគិរីឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ សមិទ្ធផលទាំងនេះគឺជាការរួមចំណែកយ៉ាង សំខាន់ ធ្វើឱ្យរាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលនានាជាច្រើនទាំងការអនុវត្តកម្មវិធីកំណែទម្រង់ ក៏ដូចជាការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងទី១ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។ សម្តេចក្រឡាហោម ស​ ខេង ក៏បានកោតសរសើរចំពោះគំរូវីរៈភាព និងស្នាដៃដ៏ធំធេងរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ូ ថង ដែលជាឥស្សរៈជន របស់ជាតិ ក៏ដូចជាប្រជាជននៃភូមិភាគឦសាន ដែលបានចូលរួមចំណែកដោយផ្ទាល់ក្នុងការអភិវឌ្ឍខេត្តរតនគិរី តាំងពី ក្រោយថ្ងៃរំដោះប្រទេសជាតិ ០៧ មករា ឆ្នាំ១៩៧៩ ធ្វើឱ្យជីវភាពសង្គម សេដ្ឋកិច្ច ទូទាំងខេត្ត ​មានការវិវឌ្ឍរីកចម្រើន គ្រប់វិស័យ។ សម្តេចក្រឡាហោម បានចាត់ទុកថា ខេត្តរតនគិរី កើតឡើងក្រោយគេ ប៉ុន្តែមានការអភិវឌ្ឍ មិនចាញ់បណ្តា ខេត្តដ៏ទៃទៀតទេ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ សំដៅប្រែក្លាយ ប៉ូលខេត្តរតនគិរី ទៅជាគោលដៅកសិឧស្សាហកម្មដ៏សំខាន់មួយ។

ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងាររបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការចំពោះមុខ ចំនួន ០៨ចំណុច សម្រាប់ក្រុមការងារ អនុវត្ត ក្នុងនាមតំណាងក្រសួង ស្ថាប័ន ក្នុងការគាំទ្រដល់ដំណើរការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់របស់រាជរដ្ឋាភិបាល នៅថ្នាក់មូលដ្ឋានខេត្ត សំដៅជំរុញការអភិវឌ្ឍខេត្តរតនគិរីប្រកបដោយចីរភាព រួមមាន៖

១.បន្តពង្រឹងសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដោយត្រូវខិតខំពង្រឹងសមត្ថភាពជំនាញ របស់កងកម្លាំងមានសមត្ថកិច្ចនានាក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។

២.គាំទ្ររដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឱ្យពង្រឹងការប្តេជ្ញាចិត្តអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការឱ្យសម្រេចបានលទ្ធផលតាមការរំពឹងទុក។

៣.លើកកម្ពស់ការអភិរក្សធនធានធម្មជាតិ​ ការការពារទ្រព្យសម្បត្តិសាធារណៈ ដោយពង្រឹងការអនុវត្តច្បាប់ឱ្យបាន ម៉ឹងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់បទល្មើសព្រៃឈើ ការរុករានដីព្រៃការពារ ដើម្បីកាន់កាប់ដោយខុសច្បាប់ និងបទល្មើស ធនធានធម្មជាតិគ្រប់ប្រភេទ។ ក្នុងការអនុវត្តវិធានការនេះ សម្តេចបានណែនាំអាជ្ញាធរពាក់ព័ន្ធ មន្ត្រីច្បាប់ ត្រូវដកខ្លួន ចេញពីបទល្មើសនានា។

៤.ត្រូវខិតខំសម្របសម្រួលដោះស្រាយជម្លោះនានានៅមូលដ្ឋាន ពិសេសជម្លោះដីធ្លី ប្រកបដោយតម្លាភាព យុត្តិធម៌ ដោយឈរលើគោលការណ៍ច្បាប់ និងរួមគ្នាលុបបំបាត់ការធ្វើអន្តរាគមន៍ជម្លោះនានា ខុសពីតួនាទី និងសមត្ថកិច្ច។

៥.ពង្រឹង លើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណ​នេយ្យភាព ដោយពង្រឹង ការផ្តល់សេវាតាមរយៈច្រកចេញចូលតែមួយឱ្យបានត្រឹមត្រូវ និងការកំណត់។

៦.សហការអប់រំពលរដ្ឋសន្សំសំចៃទឹក ចូលរួមថែរក្សាការពារប្រភពធនធានទឹកទុកសម្រាប់ប្រើប្រាស់ និងត្រៀម លក្ខណៈអន្តរាគមន៍ជាប្រចាំ ដើម្បីដោះស្រាយទឹកប្រើប្រាស់ប្រចាំថ្ងៃទាំងនៅទីក្រុង ទីប្រជុំជន និងជនបទ។ ទន្ទឹមនេះត្រូវបំផុស ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋរក្សាអនាម័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការអគ្គីភ័យ មកលើផ្ទះសម្បែង ចម្ការដំណាំ ព្រមទាំងចូលរួមថែរក្សាការពារភ្លើងឆេះព្រៃ។

៧.បន្តខិតខំលើកកម្ពស់ការអនុវត្តវិស័យទេសចរណ៍ ពិសេសអេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌ ដែលជា សក្តានុពលដ៏សំខាន់របស់ខេត្ត។

៨.យកចិត្តទុកដាក់ស្វែងយល់ និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងជីវភាព សុខភាព និងសេវាសង្គមរបស់ប្រជាជន ជាពិសេសនៅតាមសហគមន៍ជនជាតិដើមភាគតិច ជនក្រីក្រ ជនងាយរងគ្រោះ នៅតាមកសិដ្ឋាននានា សំដៅធានាដល់ ការគោរពការពារផលប្រយោជន៍កម្មករស្របតាមច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចក្រឡាហោម ក៏បានដាក់ចេញនូវវិធានការរយៈពេលមធ្យម និងរយៈពេលវែង សម្រាប់ក្រុមការងារសហការអនុវត្ត រួមមាន៖ ក្រុមការងារថ្នាក់ជាតិ ត្រូវជួយគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការរៀបចំក្របខណ្ឌយុទ្ធសាស្ត្រ សម្រាប់ដឹកនាំ សម្រប សម្រួល តម្រង់ទិសអភិវឌ្ឍន៍ទូទាំងខេត្ត ដោយផ្តោតជាសំខាន់លើកិច្ចការអាទិភាពមួយចំនួន ដូចជាសិក្សាការពារតំបន់ ត្រូវអភិវឌ្ឍន៍ និងអភិរក្ស ការរក្សាការពារធនធានធម្មជាតិឱ្យបានគង់វង្ស ពិនិត្យលើប្លង់នគរូបនីយកម្មក្រុងបានលុង ឱ្យ បានសមស្របជាមួយកំណើនរីកចម្រើនយ៉ាងឆាប់រហ័សនៃសំណង់ ទីប្រជុំជនដែលពុំទាន់មានត្រូវសិក្សារៀបចំ សំដៅ ធានាការអភិវឌ្ឍទីប្រជុំជន មានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ។ រៀបចំផែនការសកម្មភាព ធានាដល់ការអភិវឌ្ឍ សហគមន៍ជនជាតិដើមភាគតិចនានា ដែលមាននៅក្នុងខេត្ត ដើម្បីធានាដល់ការបែងចែកភាគផល នៃការអភិវឌ្ឍ រីកចម្រើនក្នុងខេត្ត ដល់បងប្អូនជនជាតិដើមភាគតិចប្រកបដោយសមធម៌ ខិតខំការពារអត្តសញ្ញាណនៃបងប្អូនជនជាតិ ដើមភាគតិចនីមួយៗដែលមានក្នុងខេត្តរតនគិរី រួមគ្នារក្សាប្រពៃណី វប្បធម៌​ទំនៀមទំលាប់ល្អៗ របស់បងប្អូន។ រៀបចំ ផែនការបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្សឱ្យបានសមស្របជាមួយទស្សនៈវិស័យនៃការអភិវឌ្ឍខេត្ត ក្នុងរយៈពេលចំពោះមុខ រយៈពេលមធ្យម និងរយៈពេលវែង។ សម្តេចក្រឡាហោម បញ្ជាក់ថាក្រុមការងារថ្នាក់ជាតិ ត្រូវដឹកនាំទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយនានា និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល​នៅគ្រប់មូលដ្ឋានទូទាំងខេត្ត។ ក្នុងការអនុវត្តការងារ ក្រុមការងារថ្នាក់ជាតិ ពុំមាន តួនាទី ឬសិទ្ធិសម្រេចកិច្ចការជំនួសក្រសួង ស្ថាប័ននានាឡើយ រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ននីមួយៗ នៅតែមានតួនាទី និងការទទួលខុសត្រូវស្របតាមគោលការណ៍ច្បាប់ដដែល និងពុំមានតួនាទីចាត់ចែងជំនួសរដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។ បន្ថែមលើនេះ ក្រុមការងារត្រូវបង្កើនការផ្សារភ្ជាប់រវាងរដ្ឋាភិបាលជាមួយ ប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រជាតិ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព កម្មវិធីកំណែទម្រង់ ក៏ដូចជា សភាពការណ៍នានារបស់ជាតិ លើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការ បំពេញការងារ សហការជំរុញលើកកម្ពស់គណនេយ្យភាព ការផ្តល់សេវាសាធារណៈ ឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋប្រកប​ដោយ​ប្រសិទ្ធភាព។ សម្តេចក្រឡាហោម ក៏បានជំរុញ​ឱ្យក្រុមការងារ និងអាជ្ញាធរខេត្ត ប្រមូល រាល់បញ្ហា សំណើ សំណូមពរនានាដែលប្រមូលបានតាមរយៈការរៀបចំវេទិកាសាធារណៈ ត្រូវកំណត់វិធានការ ដោះស្រាយបញ្ហាទាំងនេះឱ្យបានសមស្រប ដោយធ្វើបច្ចុប្បន្នភាពបញ្ជីបញ្ហាប្រឈម និងបន្តអនុវត្តការរៀបចំ វេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋ ដោយផ្តោតសំខាន់លើសហគមន៍ជនជាតិដើមភាគតិច ជនក្រីក្រ​ ជនងាយរងគ្រោះ និងប្រជាពលរដ្ឋ ដែលមិនបានចូលរួមកន្លងមក ដើម្បីបន្តស្វែងយល់នូវបញ្ហាប្រឈម សំណើ សំណូមពរ តម្រូវការនានារបស់ប្រជាពលរដ្ឋ ដែលមានស្ថានភាពខុសៗគ្នាពីមូលដ្ឋានមួយទៅមូលដ្ឋា​នមួយទៀត ព្រមទាំងកំណត់ការទទួលខុសត្រូវតាមដាន និងរបបប្រជុំឱ្យបានទៀងទាត់ជាប្រចាំ៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ស្នងការនគរបាលខេត្ត097 77 80023
ព័ត៌មានជាប់ទាក់ទង

ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង

អ៊ីមែល : info@ratanakiri.gov.kh

លេខទូរស័ព្ទ : (+855)12 487 061

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តរតនគីរី

កែប្រែចុងក្រោយ : 3 ថ្ងៃមុន