រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ឯកឧត្តម លន់ សុភាព ៖ គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការសំដៅធានាដល់ការផ្ទេរសិទ្ធិអំណាច មុខងារនិងធនធានឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម

  • 2.0ពាន់
  • ដោយ vechet

មានប្រសាសន៍ថ្លែងក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម លន់ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី បានឲ្យដឹងថា ការផ្ទេរសិទ្ធិ អំណាច មុខងារ និងធនធានឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិនេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការកែទម្រង់ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាម គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានា ដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការ ប្រើប្រាស់សិទ្ធិអំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និង សមធម៌សង្គម។

ឯកឧត្តមបន្តថា ក្នុងបរិបទប្រទេសកម្ពុជា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណង សំខាន់ៗមួយចំនួនរួមមាន៖ ទីមួយៈ ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឲ្យចាក់គ្រឹះរហូតដល់ មូលដ្ឋាន តាមរយៈការបោះឆ្នោតបង្កើតក្រុមក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាតំណាង សាធារណៈរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ក្នុងការដឹកនាំ គ្រប់គ្រងរដ្ឋបាលមូលដ្ឋានតាមគោលការណ៍ អភិបាលកិច្ចតាមបែបប្រជាធិបេត្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ទីពីរៈ ដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានតាមរយៈការនាំមកនូវការផ្លាស់ប្តូរប្រព័ន្ធនិងរចនាសម្ព័ន្ធគ្រប់គ្រង រដ្ឋបាលនៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយកំណែទម្រង់និងវិសហមជ្ឈការសំដៅផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅគៀកជិតប្រជាពលរដ្ឋមានលទ្ធភាពមានភាពម្ចាស់ និងការទទួល ខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានដើម្បីឆ្លើយតបនឹងតម្រូវការ និងដោះស្រាយ បញ្ហាប្រឈមជាក់ស្តែងនានារបស់ប្រជា ពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ ទីបីៈ លើកកម្ពស់ការចូលរួមនិងភាពជាម្ចាស់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋានក្នុងការធ្វើសេខក្តីសម្រេចពាក់ព័ន្ធនឹងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួម កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមក៏បានជំរុញឲ្យមន្ត្រីទាំងអស់នៃរដ្ឋបាលស្រុក យកចិត្តទុកដាក់លើកកម្ពស់ការអភិវឌ្ឍសមត្ថភាព ទំនួលខុសត្រូវក្នុងការងារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកាលពីពេលកន្លងមក បានសម្រេចផ្ទេរមុខងារ សិទ្ធិអំណាច និងធនធានមួយចំនួនដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះការិយាល័យជំនាញមួយចំនួន បានផ្ទេរមកស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក និងបង្កើតបន្ថែមការិយាល័យមួយចំនួន ក្នុងនោះមុខងារសុខាភិបាលក៏ត្រូវបានផ្ទេរមកឲ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលរាជធានី ខេត្តផងដែរ។

អត្ថបទទាក់ទង