រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅតំបន់ជនបទ ស្ថិតនៅក្នុងអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ

  • 1.4ពាន់
  • ដោយ vechet

នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍។   កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៊ុន ចាន់វណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងមានការអញ្ជើញពី ឯកឧត្តម ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លន់ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងមានការចូលរួមពីអាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត អង្គការដៃគូរសង្គមស៊ីវិលដែលប្រតិបត្តិការនៅក្នុងមូលដ្ឋានខេត្តជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងពិធីបើក ឯកឧត្តម លន់ សុភាព បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមចំណែកយ៉ាងសំខាន់របស់មន្ត្រីនៃមន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរពាក់ព័ន្ធ ក្នុងការលើកកម្ពស់ការអនុវត្តការងារធ្វើឲ្យសម្រេចបានសមិទ្ធផលសំខាន់ជាច្រើនក្នុងខេត្ត ជំរុញឲ្យមានការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាប័ន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន។ ទន្ទឹមគ្នានេះឯកឧត្តមអភិបាលរងខេត្ត ក៏បានណែនាំឲ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីគម្រោងអភិវឌ្ឍន៍នានា ដើម្បីឲ្យពលរដ្ឋឲ្យបានយល់ដឹងកាន់តែច្បាស់ និងមានការចូលរួម។

សូមបញ្ជាក់ថា ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលតី៦ នៃរដ្ឋសភា ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់យកភាពចាំបាច់ក្នុងការលើកកម្ពស់គុណភាព និងការថែទាំហេដ្ឋារចនាសម្ព័ន្ធជនបទ ការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព និងការជំរុញការលើកកម្ពស់អនាម័យជនបទ ជាទិសដៅចម្បងរបស់ខ្លួន សំដៅរួមចំណែកធ្វើឲ្យសម្រេចបាននូវ ការបន្តជំរុញការអភិវឌ្ឍជនបទឲ្យរស់រវើក ដោយបន្តវិនិយោគលើផ្លូវជនបទ ប្រព័ន្ធធារាសាស្ត្រខ្នាតតូច ការពង្រីកការគ្របដណ្តប់ការប្រើប្រាស់អគ្គិសនី ការពង្រីកការទទួលបានទឹកស្អាត ការលើកកម្ពស់អនាម័យ ការរៀបចំភូមិនិងលំដៅដ្ឋាន ព្រមទាំងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការបន្តអនុវត្តចលនាភូមិ១ ផលិតផល១ និងចលនាភូមិថ្មី។ ក្នុងស្មារតីខាងលើនេះ ក្រសួងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រឆ្នាំ២០១៩-២០២៣ ដោយផ្តោតសំខាន់លើ ១.ការពង្រឹងស្ថាប័ន អភិវឌ្ឍន៍សមត្ថភាព និងធនធានមនុស្ស ២.អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ៣. លើកកម្ពស់លក្ខណនៃការរស់នៅរបស់សហគមន៍ជនបទ និង៤. ការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅតំបន់ជនបទ៕

អត្ថបទទាក់ទង