បន្ទាប់ពីដំណើរការអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរយៈពេល០១ថ្ងៃ របស់រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ អង្គសន្និបាតត្រូវបានរៀបចំពិធីបិទក្រោមវត្តមានឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី ជាអធិបតីភាព ព្រមទាំងមានការចូលរួមពីមន្ទីរ អង្គភាពជុំវិញខេត្ត និងអង្គការដៃគូរសង្គមស៊ីវិលក្នុងខេត្ត សរុបប្រមាណជាង៣០០នាក់។
អង្គសន្និបាតនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្ត២០២០ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាខេត្ត ស្វែងយល់ពីចំណុចវិជ្ជមាន អវិជ្ជមាន និងផ្លាស់ប្តូរ ដកស្រង់មេរៀនបទពិសោធនន៍លើកិច្ចការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីរៀបចំផែនការឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមនៃការរីករាលដាលនៃវីរុសប្រភេទថ្មី កូវីដ១៩ ដើម្បីឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមសហការគ្នាដោះស្រាយ និងបង្ការទប់ស្កាត់ផងដែរ។ ក្រៅអំពីនេះប្រធានបទការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការងារគ្រប់គ្រងវិស័យដីធ្លី ការងារផ្តល់សេវា និងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏បានអង្គសន្និបាតធ្វើការពិភាក្សា ក្នុងគោលដៅរួមមួយដើម្បីសម្រេចបាននូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
បន្ទាប់ពីដំណើរការពិភាក្សាអស់រយៈពេល០១ថ្ងៃកន្លងមក ស្មារតីអង្គសន្និបាតបានដាក់ចេញនូវទិសដៅដោយបន្តលើកកម្ពស់អនុវត្តយ៉ាងសកម្មតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ប្រឆាំងនឹងការរីករាលដាលនៃវីរុសប្រភេទថ្មីកូរ៉ូណាcovid-19 ដែលកំពុងកើតមានជាសកល ដោយធ្វើការយកចិត្តទុកដាក់ណែនាំអប់រំប្រជាពលរដ្ឋ កម្មករ សហគ្រាស សិស្សានុសិស្សនៅតាមសាលារៀនអំពីវិធានការនានាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងមេរោគcovid-19 ។ បន្ថែមពីនោះរដ្ឋបាលខេត្តនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្តជាប់ព្រំដែន ការពារបូរណភាពទឹកដី រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ និងមិនអនុញ្ញាតឲ្យចលនាខុសច្បាប់ណាមួយមករំខានដល់សុខសន្តិភាព និងការវិវឌ្ឍន៍រីកចម្រើននៃកម្ពុជា។ យកចិត្តទុកដាក់ពង្រឹងដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ តាមរយៈការលើកកម្ពស់អនុវត្តគោលនយោបាយ”ភូមិឃុំមានសុវត្ថិភាព” និងជាពិសេសការគ្រប់គ្រងប្រជាពលរដ្ឋ ជនអន្តោប្រវេសន៍ និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម។ លើកកម្ពស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក បង្កើនការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់វិធានការនានា សំដៅទប់ស្កាត់រាល់សកម្មភាពដែលប៉ុនប៉ងបង្កអសន្តិសុខ ភាពចលាចលក្នុងសង្គមគ្រប់រូបភាព និងត្រូវរួមគ្នាទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវសកម្មភាព ឬការផ្សាយព័ត៌មានមិនពិត ការញ៉ុះញ៉ុងប៉ុនប៉ងបង្កឲ្យមានអំពើហិង្សា ភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ បន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឲ្យកាន់តែសកម្មព្រមៗគ្នាទាំងនៅទីក្រុង និងជនបទ តាមរយៈការពង្រឹងប្រតិបត្តិការរបស់កម្លាំងមានសមត្ថកិច្ច និងការជំរុញការផ្សព្វផ្សាយ អប់រំណែនាំដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសស្រទាប់យុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងការចលនាឲ្យមានការចូលរួមពីវិស័យឯកជន អង្គការសង្គមស៊ីវិល សហគមកន៍នៅមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។ បន្តពង្រឹងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ចរាចរ សំដៅកាត់បន្ថយគ្រោះថ្នាក់ ឲ្យបានជាអតិប្បរិមា ។ បន្តពង្រឹងការថែរក្សាការពារធនធានធម្មជាតិ និងទ្រព្យសម្បត្តិសាធារណៈ ដោយខិតខំលើកកម្ពស់វិធានការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ និងត្រូវរួមគ្នាបង្កើនការផ្សព្វផ្សាយអប់រំ និងបំផុសលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ និងសហគមន៍នៅមូលដ្ឋានចូលរួមថែរក្សាការពារធនធានធម្មជាតិ ដីធ្លី និងទ្រព្យសម្បត្តិសាធារណៈដែលនៅសេសសល់ឲ្យបានគង់វង្ស ។ បន្តលើកកម្ពស់ការកែលម្អសោភណ្ឌភាពទីប្រជុំជន ខេត្ត ក្រុង ស្រុក និងការអភិវឌ្ឍហេដ្ឋារចនារូបវ័ន្ត និងអរូបវ័ន្ត សម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ច និងការវិនិយោគ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ ជាពិសេសលើវិស័យកសិកម្មដែលជាវិស័យដ៏មានសក្តានុពលរបស់ខេត្ត។ ជាមួយគ្នានេះ ត្រូវបន្តខិតខំពង្រីកប្រព័ន្ធធារាសាស្ត្រ បណ្តាញស្រោចស្រពដំណាំ ការបណ្តុះបណ្តាលបច្ចេកទេសដាំដុះឲ្យទទួលបានទិន្នផលខ្ពស់ និងមានតុល្យភាពស្របតាមតម្រូវការទីផ្សារ ព្រមទាំងខិតខំគៀករ និងលើកទឹកចិត្តដល់ការវិនិយោគអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម សម្រាប់បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ បន្តពង្រឹងមន្ត្រីរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ ដើម្បីគាំទ្រក្នុងការអនុវត្តមុខងារតាមរចនាសម្ព័ន្ធថ្មី ស្របតាមគោលការណ៍ បែបបទ នីតិវិធី និងស្តង់ដានៃការផ្តល់សេវាកំណត់ដោយក្រសួងស្ថាប័នតាមវិស័យនីមួយៗឲ្យមានប្រសិទ្ធភាពខ្ពស់។ បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងគណនេយ្យភាពក្នុងការគ្រប់គ្រងចាត់ចែង និងផ្ដល់សេវានានានៅតាមអង្គភាពច្រកចេញចូលតែមួយ តាមរយៈការកសាងសមត្ថភាពមន្ត្រីដែលកំពុងបំពេញការងារ ការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងអាកប្បកិរិយាមន្ត្រីក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដើម្បីធានាឲ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលឲ្យកាន់តែងាយស្រួលឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព ជាពិសេស យកចិត្តទុកដាក់រៀបចំ និងជំរុញល្បឿនដំណើរការរបស់អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅថ្នាក់ស្រុកមួយចំនួន ។ បន្តលើកកម្ពស់ការត្រួតពិនិត្យ និងវាយតម្លៃអំពីស្ថានភាពប្រភពទឹកនៅតាមបឹងបួរ ព្រែក ត្រពាំង ស្រះ និងអូរ ដើម្បីអប់រំណែនាំប្រជាជនឲ្យចូលរួមថែរក្សាការពារប្រភពទឹកនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដោយផ្អែកតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្ដីពីការចាត់វិធានការថែរក្សាទឹកទុក សំដៅមានវិធានការក្នុងការគ្រប់គ្រងប្រើប្រាស់ទឹកនៅតាមមូលដ្ឋាននានាឲ្យមានប្រសិទ្ធភាព និងត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋនៅមូលដ្ឋានដែលជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ និងយកចិត្តទុកដាក់ថែទាំជនចាស់ជរា និងកុមារ ក្នុងស្ថានភាពដែលអាកាសធាតុមានភាពក្ដៅហួតហែងខ្លាំងនារដូវប្រាំងនេះ។ បន្តយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រង និងអនុវត្តគម្រោងខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ឲ្យបានត្រឹមត្រូវ ស្របតាមនីតិវិធី និងសេចក្តីណែនាំបច្ចេកទេសនានាស្តីពីការអនុវត្តគម្រោងរបស់ខេត្ត ក្រុង ស្រុក និងគម្រោងមូលនិធិឃុំ សង្កាត់។ បន្តលើកកម្ពស់គុណភាពវិស័យអប់រំនៅគ្រប់កម្រិត និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីលើកកម្ពស់បង្កើនមុខរបររបស់ប្រជាពលរដ្ឋ។ បន្តពង្រឹងគុណភាព និងពង្រីកវិសាលភាពសេវាសុខាភិបាល ដើម្បីលើកកម្ពស់សមភាព សមធម៌ យេនឌ័រ បរិយាប័ន្ន ការគ្រប់គ្រងមុខងារសាធារណៈ និងការផ្ដល់សេវាបេឡាជាតិរបបសន្តិសុខសង្គមដល់មន្ត្រីរាជការ ក្រុមប្រឹក្សា កម្មករ និយោជិត ។ ជំរុញមន្ទីរជំនាញពាក់ព័ន្ធធ្វើការណែនាំ អប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋានអំពីការថែរក្សាសុខភាព ការបង្ការជំងឺឆ្លងរាតត្បាតនានា និងចាត់វិធានការជួយអន្តរាគមន៍ព្យាបាលជំងឺឲ្យបានទាន់ពេលវេលា។ បន្តលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ការផ្ដល់សម្បទានដីសង្គមកិច្ច ការផ្ដល់ប័ណ្ណកម្មសិទ្ធិអចលនវត្ថុ និងការដោះស្រាយវិវាទដីធ្លី ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ បន្តពង្រឹងការងារសហប្រតិបត្តិការអន្តរជាតិក្នុងក្របខណ្ឌថ្នាក់ខេត្តនិងខេត្ត ប្រទេសជិតខាង បន្តកិច្ចសហការល្អជាមួយអង្គការមិនមែនរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគ ដែលជាដៃគូរអភិវឌ្ឍ៕