រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់

  • 313
  • ដោយ sengkim

អភិបាលខេត្តរតនគិរី៖ អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបក្នុងករណីមានគ្រោះមហន្តរាយជំនន់ទឹកភ្លៀងកើតឡើងជាយថាហេតុនេះជាប្រសាសន៍ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានលើកឡើងក្នុងឱកាសដែលឯកឧត្តមរួមនឹងប្រធានមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនបានអញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ ខណៈដែលភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ ជាហេតុបណ្តាលអោយទឹកទន្លេស្រែពកកំពុងហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ននារសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០២១នេះ។ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវបទបញ្ជា ក៏ដូចជាអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ទន្លេទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកទន្លេ ដែលកំពុងបន្តហក់ឡើងខ្លាំងនេះ និងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងមនុស្សចាស់ព្រមទាំងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀតអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីស្ថានភាពទឹក ក៏ដូចជា ស្ថានភាពរបស់ប្រជាពលរដ្ឋ ដើម្បីត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា ។សូមបញ្ជាក់ថាកម្ពុជាបានរងនូវឥទ្ធិពលនៃព្យុះទី១៨ សម្ពាធទាបធ្វើអោយមាន ភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលអោយទឹកទន្លេស្រែពក និងទន្លេសេសានហក់ឡើងជាបន្តបន្ទាប់ជិតដល់ចំណុចប្រកាសអាសន្ន។ហេតុនេះទាមទារអោយប្រជាពលរដ្ឋក្នុងខេត្ត ពិសេសស្រុកដែលនៅតាមមាត់ទន្លេទាំងពីររួមមាន ស្រុកលំផាត់,កូនមុំ,អូរយ៉ាដាវ,អណ្តូងមាស,តាវែង និងស្រុកវើនសៃ មេត្តាបង្កើនស្មារតីប្រុងប្រយ័ត្ន និងត្រៀមបង្ការនូវមធ្យោបាយ សម្ភារចាំបាច់នានា កាត់បន្ថយបាននូវហានិភ័យពីករណីជំនន់ទឹកភ្លៀងដែលអាចកើតឡើងជាយថាហេតុ។ ជាក់ស្តែងទឹកទន្លេស្រែពកទឹកទន្លេគិតត្រឹមម៉ោង៤រសៀល ថ្ងៃទី១៧ខែតុលាឆ្នាំ២០២១នេះ ទឹកមានកម្ពស់១១.៧៤ម៉ែត្រ ខណៈចំណុចប្រកាសអាសន្ន១២.៥០ម៉ែត្រ។ទន្លេសេសានគិតត្រឹមម៉ោង៤,៣០ ទឹកមានកម្ពស់៦.៥៧ម៉ែត្រ ខណៈចំណុចប្រកាសអាសន្ន៨.៥០ម៉ែត្រ៕

អត្ថបទទាក់ទង