រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ពិធីប្រគល់ទទួលវិញ្ញាបនបត្រសម្គាល់អចលនៈវត្ថុសហគមន៍ជនជាតិដើមភាគតិចភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី

  • 247
  • ដោយ vechet

សហគមន៍ជនជាតិដើមភាគតិចភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំខេត្តរតនគិរី ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីសមូហភាព

អត្ថបទ រូបភាព៖ មន្ទីរព័ត៌មានខេត្តរតនគិរី

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី ១៥ ខែ មិថុនាឆ្នាំ២០២២ នេះ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិចគ្រឹងចំនួន១ភូមិ គឺភូមិល្អក់ ស្ថិតក្នុងឃុំល្អក់ ស្រុកអូរជុំ។ ពិធីប្រគល់ទទួលវិញ្ញាបនបត្រសម្គាល់អចលនៈវត្ថុខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរអង្គភាពនិង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទផងដែរ។

លោក លី ឧសភា ប្រធានមន្ទីររៀបចំ ដែនដីនគរូបនីកម្មសំណង់ និងសុរិយោដី ខេត្តរតនគិរី បានឲ្យដឹងថាដោយអនុលោមតាមអនុក្រឹត្យលេខ ៩០ អនក្រ.បក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកាត់ផ្ទៃដីទំហំ ១២១៧ហិកតា ៩៨អា និង៨៩ សង់ទីអា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ និងធ្វើអនុបយោគដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចគ្រឹង ដែលស្ថិតនៅភូមិ ល្អក់ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី ចំនួន ១៦៩ គ្រួសារ មានប័ណ្ណសរុបចំនួន ១៣ វិញ្ញាបនបត្រ លើផ្ទៃដី ១២៣០, ២៣៤៥ ហិកតា ក្នុងនោះរួមមាន៖

  • ដីលំនៅឋានមានចំនួន ០១ ក្បាលដី ស្មើនឹង ១៩.៣៥៩៧ ហិកតា ។
  • ដីកសិកម្មមានចំនួន ១០ ក្បាលដី ស្មើនឹង ១១៩៤,៦២៩២ ហិកតា។
    -ដីព្រៃកប់ខ្មោចមានចំនួន ០១ ក្បាលដី ស្មើនឹង ៥.១៥៩២ ហិកតា។
    -ដីព្រៃអារក្សមានចំនួន ០១ ក្បាលដី ស្មើនឹង ៧.០៨១៤ ហិកតា។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនសហគមន៍ជនជាតិដើមភាគតិចទាំងពីរភូមិដែលបានអញ្ជើញមកទទួប័ណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះឯកឧត្តម ញ៉ែម សំអឿន បានចាត់ទុកប័ណ្ណកម្មសិទ្ធិ ដីធ្លីសមូហភាព គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាងឲ្យទ្រព្យ សហគមន៍ទាំងមូល ជាឯកសារតំណាងឲ្យសិទ្ធិនៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករលើដីធ្លីរបស់ខ្លួនក្នុងការ ប្រើប្រាស់ និអាស្រ័យផលជាក់ស្តែងរៀងៗខ្លួន។

ឯកឧត្តមអភិបាលខេត្តបន្តថា ដីធ្លីដែលពុកម៉ែបងប្អូនបានចុះបញ្ជី ជាសមូហភាពនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់សម្រាប់ការប្រើប្រាស់ប័ណ្ណនេះ។ដូច្នេះការចុះបញ្ជីជាលក្ខណៈសមូហភាព គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី និងធនធានធម្មជាតិ ក្នុងសហគមន៍ប្រកបដោយនិរន្តរភាព ដែលនឹងជំរុញការប្រើប្រាស់ដីធ្លី ឲ្យអស់សក្ដានុពល ហើយកត្តានេះពិតជាបានបញ្ចប់ ជម្លោះ និងវិវាទដីធ្លីរវាងភូមិ និងភូមិជាពិសេសការកាត់បន្ថយ ភាពក្រីក្រដែលជាគោលនយោបាយ ជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល ដែលមានចំពោះជនជាតិដើមភាគតិច នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះឯកឧត្តម ញ៉ែម សំអឿន ក៏បានថ្លែងការកោតសរសើរ ចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំសម្រេចកិច្ចការនេះ ដោយការទទួលខុសត្រូវ និងតម្លាភាព និងផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចទាំងពីរភូមិ ត្រូវថែរក្សាឲ្យបានគង់វង្ស នូវប័ណ្ណកម្មសិទ្ធិសមូហភាពនេះ ហើយត្រូវមានសាមគ្គីភាពនៅក្នុងសហគមន៍ ថែរក្សាដីទាំងអស់ដែលបានចុះបញ្ជី និងប្រើប្រាស់ឲ្យមាននិរន្តរភាព សម្រាប់កូនចៅជំនាន់ក្រោយ៕

អត្ថបទទាក់ទង