រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

អ្នកសារព័ត៌មាន ចំនួន១៥អង្គភាពនិង មន្ត្រី អនុវត្តច្បាប់ ពាក់ព័ន្ធក្នុងខេត្តរតនគិរី ពិភាក្សាគ្នាដើម្បី យល់ដឹងឱ្យកាន់តែច្បាស់ពីសិទ្ធិ និងច្បាប់ស្តីពី របបសារព័ត៌មាន

  • 316
  • ដោយ vechet

អត្ថបទ រូបភាព៖ មន្ទីរព័ត៌មានខេត្តរតនគិរី

អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ( LAC ) ក្រោមកិច្ចសហការជាមួយរដ្ឋបាលសាលាខេត្ត និងមន្ទីរព័ត៌មានខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំពិភាក្សាមួយ រវាងអ្នកសារព័ត៌មានជាមួយអង្គភាព ពាក់ព័ន្ធស្វែងយល់អោយកាន់តែច្បាស់ពីសិទ្ធិ និងការអនុវត្តច្បាប់ របបសារព័ត៌មាន។ កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នាសាលប្រជុំសាលាខេត្តក្រោមអធិបតីភាពឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្ត និងឯកឧត្តម កុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី។

លោកមេធាវី អ៊ុន ច័ន្ទថុល តំណាងនាយកប្រតិបត្តិ នៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជាបានលើកឡើងថា កិច្ចប្រជុំរយៈពេល១ព្រឹកនេះមានគោលបំណង ផ្តល់ជូនបន្ថែមដល់អ្នកសារព័ត៌មាន និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធក្នុងខេត្តរតនគិរី ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិ និងច្បាប់ស្តីពី របបសារព័ត៌មាន និងការប្រកាន់យករបស់អ្នកសារព័ត៌មាន អំពីក្រមសីលធម៌ វិជ្ជាជីវៈ របស់ខ្លួន អនុវត្តឱ្យស្របតាម ទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលមានជាធរមាន ស្របពេលដែលវិស័យ ព័ត៌មាននៅកម្ពុជា មានការរីកចម្រើន ហើយ ចំនួន អ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមនានា កាន់តែមានចំនួនកើនឡើងឥតឈប់ឈរផង នោះ។

ឯកឧត្តម កុល ផាន់ណា ទីប្រឹក្សាក្រសួង ព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំដោយបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មាននានាក្នុងការផ្តល់ព័ត៌មាន និងការទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយសង្គម សេដ្ឋកិច្ចជាតិ និង អន្តរជាតិ តាមរយៈ ការមើល ការអាន ការ ស្តាប់ ពីបណ្តាញផ្សព្វផ្សាយនានាបានយ៉ាងទូលំទូលាយ។

មានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្តរតនគិរី បាន បញ្ជាក់ថា បច្ចុប្បន្ននេះវិស័យព័ត៌មាន នៅក្នុងខេត្តរតនគិរី ជាពិសេសនៅក្នុងព្រះរាជាណាចក្រ កម្ពុជា កំពុងមានសន្ទុះរីកចម្រើនគួរជាទីមោទនៈ។ ហើយជាមួយនឹងការរីកចម្រើននៃវិស័យ ព័ត៌មាននេះ ក៏នៅមានទាំងចំណុចវិជ្ជមានផង និងអវិជ្ជមានផងដែរ។ មានភាពវិជ្ជមានជាច្រើននៃវិស័យព័ត៌មាន ដោយសារប្រជាពលរដ្ឋអាចទទួលបានដំណឹងផ្សេងៗ ដែលពាក់ព័ន្ធ នឹងស្ថិរភាព នយោបាយ សន្តិសុខ និងសុវត្ថិភាពសង្គម ស្ថានភាពសេដ្ឋកិច្ច និងការអប់រំផ្សេងៗ។ លើសពីនេះអង្គភាពសារព័ត៌មានក៏ជាស្ពានចម្លងនូវរាល់សំណូមពរ បញ្ហា មតិយោបល់ រវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញបានដឹង និងធ្វើការដោះស្រាយ។ ហើយជាមួយគ្នានេះ ភាពអវិជ្ជមានក៏កើតមានញឹកញាប់ដែរ ដោយហេតុថាស្ថាប័នព័ត៌មាន ឬបុគ្គលព័ត៌មានខ្លះ ផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនខ្វះប្រភព មានលក្ខណៈមិនពិត បំពុល និងបំផ្លើស ហើយមាន គោលបំណងទាញផលចំណេញខាងនយោបាយ ពីប្រព័ន្ធផ្សព្វផ្សាយនោះ នឹងធ្វើឱ្យប្រជាពលរដ្ឋ មានការយល់ច្រឡំចំពោះ រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ធ្វើឱ្យប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់ជាមួយអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំ។

ក្នុងនាមរដ្ឋបាលសាលាខេត្តរតនគិរី ឯកឧត្តមឌុច ចាន់តូ បានជំរុញដល់អ្នកសារព័ត៌មានដែលបានចូលរួម ប្រឹងប្រែងស្តាប់ការពន្យល់បកស្រាយរបស់វាគ្មិន និងពិភាក្សាសួរនាំឱស្រប ទៅតាមចំណុចនៃប្រធានបទក្នុងកិច្ចប្រជុំ និងសង្ឃឹមថាក្រោយបញ្ចប់កិច្ចប្រជុំដែលមានរយៈពេលមួយព្ររឹកនេះទៅ អ្នកសារព័ត៌មាន និងមន្ត្រីអនុវត្តផ្នែកច្បាប់ នឹងយល់កាន់តែច្បាស់អំពីតួនាទីភារកិច្ច ក្នុងការអនុវត្តច្បាប់ របបសារព័ត៌មាន ស្របទៅតាមក្រមសីលធម៌ វិជ្ជាជីវៈរៀងៗខ្លួន៕

អត្ថបទទាក់ទង