រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

មូលនិធិជាតិជំនួយសង្គមសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសប្បទាខេត្ត បើកវគ្គបណ្តុះបណ្តាលស្តីពីកម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាជូនដល់មន្រ្តីពាក់ព័ន្ធក្នុងខេត្តរតនគិរី

  • 233
  • ដោយ sengkim

ឯកឧត្តម ញ៉ែម សំអឿន៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ក្នុងគោលបំណង លើកកម្ពស់សុខុមាលភាពរបស់គ្រួសាររស់នៅក្បែបន្ទាត់ក្រីក្រដែលមានសមាជិកជាមនុស្សវ័យចាស់ ជនមានពិការភាព កុមារអ្នកផ្ទុកមេរោគអេដស៍ជាដើម។

នេះជាការលើកឡើងរបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីកម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាដែលបានរៀបចំឡើងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទានៅសាលប្រជុំសាលាខេត្តរតនគិរីនាព្រឹកថ្ងៃទី១៧ ខែ
វិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តមអភិបាលខេត្តបន្តថាការឧត្តម្ភសាច់ប្រាក់នេះបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់នូវចក្ខុវិស័យវែងឆ្ងាយក្នុងប្រព័ន្ធគាំពារសង្គម និងជំរុញប្រព័ន្ធគាំពារសង្គម មួយមានប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុដើម្បីបម្រើដល់គោលនយោបាយកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព។

ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះបានដាក់ចេញនូវវិធានការណ៍អន្តរាគមន៍គាំពារសង្គមតាមរយៈការដាក់ចេញនូវកម្មវិធីជំនួយសង្គមចំនួន ១ បន្ថែមទៀតគឺ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា។រហូតមកដល់ពេលនេះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិតជាត្រូវបានទទួលស្គាល់ជាយន្តការអន្តរាគមន៍មួយដ៏មាន ប្រសិទ្ធភាពខ្ពស់និងស្របតាមតម្រូវការ និងស្ថានភាពជាក់ស្តែង។ហើយការរៀបចំវគ្គបណ្តុះបណ្តាលថ្ងៃនេះក៏បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ និងសមត្ថភាពថ្មីៗដល់ ថ្នាក់ដឹកនាំរដ្ឋបាលក្រុងស្រុក និងមន្រ្តីអនុវត្តកម្មវិធីឃុំសង្កាត់ក្នុងការត្រៀមលក្ខណៈអនុវត្តកម្មវិធីខាងលើ ឱ្យទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសុឆន្ទៈរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម តូច ចាន់នី បន្តថា ផ្អែកតាមការអនុវត្តកម្មវិធីរយៈពេលកន្លងមក មន្រ្តីកម្មវិធីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទទួលបានបទពិសោធន៍ និងការរៀនសូត្របានជាច្រើន ដែលធ្វើឱ្យការអនុវត្តកម្មវិធីកាន់តែមាន
ប្រសិទ្ធភាព និងសម្រេចបានលទ្ធផលជា ច្រើនគួរជាទីមោទនភាព។ ទន្ទឹមនឹងនេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលទាមទារឱ្យមន្ត្រីកម្មវិធីទាំងនៅថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ បន្តកែលម្អបន្ថែមទៀត ពិសេសគាំទ្រ និងការតាមដានត្រួតពិនិត្យ ដើម្បីពង្រឹងការអនុវត្តមុខងារ ឱ្យកាន់តែមានតម្លាភាព គណនេយ្យ និងសុក្រឹត្យភាព ដែលជាមូលដ្ឋានមួយយ៉ាងសំខាន់ក្នុងការផ្ដល់ការគាំទ្រដល់ មូលដ្ឋានទាំងលក្ខណៈបច្ចេកទេស និងនយោបាយ ពិសេសការគ្រប់គ្រងករណីមួយដ៏សមស្រប និងបទបែនលើគ្រប់ទិដ្ឋភាពសង្គម៕

អត្ថបទទាក់ទង