បន្ទាប់ពីដំណើរការរយៈពេល១ថ្ងៃកន្លះសន្និបាតបូកសរុបលទ្ធផលការងារមន្ទីរអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ និងលើកទិសដៅឆ្នាំសិក្សា២០២២-២០២៣ ត្រូវបានប្រារព្ធបិទនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ
២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
មានប្រសាសន៍បិទអង្គសន្និបាតដ៏មានសារៈសំខាន់នេះឯកឧត្តមអភិបាលខេត្តបានសម្ដែងនូវការកោតសរសើរចំពោះលោក លោកស្រី អាជ្ញាធរ និង មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងរយៈពេលមួយឆ្នាំកន្លងទៅប្រកបដោយភាពជោគជ័យ។
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះអង្គ សន្និបាតដែលបានពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីវាយតម្លៃឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយលើចំណុចខ្លាំង ចំណុច ខ្វះខាតដែលនៅសេសសល់បញ្ហាប្រឈមនិងរួមគ្នាកំណត់ផែនការដោះស្រាយឱ្យបានកាន់តែសមស្រប តាមស្ថានការជាក់ស្ដែងរបស់អនុវិស័យនីមួយៗ ជាពិសេសការសម្រេច គោលនយោបាយ និងយុទ្ធសាស្ត្រនានាក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩-២០២៣ ស្របនឹងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលដែលបានកំណត់ក្នុងនីតិកាលទី៦ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ត្រង់ ចតុកោណទី១ អំពីការអភិវឌ្ឍធនធានមនុស្ស របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាសមធម៌នៃការរៀនសូត្រ និងខិតខំធ្វើអោយសម្រេចតាមគោលដៅអប់រំសម្រាប់ទាំងអស់គ្នា។
ឯកឧត្តម ញ៉ែម សំអឿន បានផ្តល់អនុសាសន៍មួយចំនួនដល់លោកគ្រូ អ្នកគ្រូ និងនាយកសាលាមានជាអាទិ៍៖
- ត្រូវបន្តចូលរួមវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល។
- ត្រូវបង្ហាញនូវភាពស្មោះត្រង់ និងទទួលការជួយគាំទ្រពីសំណាក់អាជ្ញាធរមូលដ្ឋានត្រូវចេះសហការ និងចែករំលែកបញ្ហាប្រឈម និងលទ្ធផលរួមគ្នា។
- ត្រូវបង្កើនតម្លាភាព គណនេយ្យភាពក្នុងការដឹកនាំគ្រប់គ្រងដើម្បីបង្កើននូវអភិបាលកិច្ចល្អ ។
- ត្រូវចេះប្រើប្រាស់ធនធានថវិកាដែលរដ្ឋាភិបាលផ្ដល់ជូនឱ្យចំទិសដៅ និងប្រកបដោយគុណភាព ប្រសិទ្ធភាព និងលទ្ធផលអាចទទួលយកបាន។
- ត្រូវបង្កើនការសិក្សារៀនសូត្រក្នុងភាពជាអ្នកដឹកនាំល្អ ព្រោះសាលារៀនល្អ ឬអាក្រក់ តីដោយសារ សកម្មភាពរបស់លោក លោកស្រីបង្រៀននៅសាលារៀនផ្ទាល់។
- ត្រូវបង្កើតភាពជឿទុកចិត្តលើការដឹកនាំគ្រប់គ្រងសម្រាប់សហគមន៍ និងរាជរដ្ឋាភិបាល។
នៅក្នុងឱកាសនេះឯកឧត្តម ញ៉ែម សំអឿន បានជូនលិខិតសសើរជូនចំពោះលោកនាយកវិទ្យាល័យដែលបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍមូលដ្ឋានរចនាសម្ព័ន្ធវិទ្យាល័យ
និងលោកគ្រូអ្នកគ្រូដែលមានស្នាដៃបង្រៀនល្អព្រមទាំងឧបត្ថម្ភថវិកា២០មុឺនរៀលផងដែរ៕